ព្រះវិហារ៖ កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣របស់គណបក្សប្រជាជនកម្ពុជាទូទាំងស្រុករវៀង។
លោក អ៊ុង វុទ្ធី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុករវៀង បានថ្លែងប្រាប់ដល់ថ្នាក់ដឹកនាំគណបក្សទូទាំងស្រុកថា ត្រូវអនុវត្តន៍តាមលទ្ធផលរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជាឱ្យបានល្អ ដើម្បីឱ្យគណបក្សទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋ។
លោក ពឹង ទ្រីដា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារចុះជួយស្រុករវៀង និងលោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង ព្រមទាំងប្រធានក្រុមការងារគណបក្សចុះជួយឃុំ ភូមិជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។
លោក អ៊ុង វុទ្ធី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកទេសរដ្ឋមន្រ្តី មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ថ្នាក់ដឹកនាំ និងសមាជិកបក្សយើងគ្រប់ៗរូប។
លោកក៏បានជម្រាបជូនអង្គពិធី ពីលទ្ធផលនៃអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចជាឯកច្ឆ័ន្ទគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។
ជាមួយគ្នានេះលោក អ៊ុង វុទ្ធី ក៏បានថ្លែងណែនាំបន្ថែមដល់ថ្នាក់ដឹកនាំគណបក្សទូទាំងស្រុករវៀងទាំងអស់ ត្រូវបន្តកសាងនូវអំពើល្អ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋចេញពីឆន្ទះ និងបេះដូងពិតប្រាកដ ពិសេសត្រូវចេះដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ៕