ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអំពាវនាវឱ្យស្ថាប័នតុលាការកម្ពុជា ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោក សេង សារី ក្រោយបកស្រាយសមហេតុផលចំពោះ «ការវិភាគអំពីសេនារីយោ ៦ចំណុច»។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសរបស់ លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផល និងអាចទទួលយកបាន។
សម្តេចបានថ្លែងទៀតថា៖ «ក្នុងនាមប្រមុខនៃរាជរដ្ធាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនិងនេះ ខ្ញុំក៏សូម លើកទឹកចិត្តឱ្យលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម»។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យភរិយា កូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឱ្យមានការព្រួយបារម្ភចំពោះរឿងនេះ៕