ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងក្រុមការងារសាងសង់ផ្លូវអាស៊ាន អញ្ជើញចុះពិនិត្យដំណើរការសាងសង់រង្វង់មូលរូបសំណាក់ឆ្នាំងនិងដាំដើមឈើលើកទ្រូងផ្លូវ

កំពង់ឆ្នាំង÷ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងសហការរី រួមជាមួយ ក្រុមការងារគម្រោងសាងសង់ផ្លូវជាតិលេខ៥ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់រូបសំណាកឆ្នាំង នៅរង្វង់មូលត្រង់ចំណុចផ្លូវបំបែកវាងក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ និងបានចូលរួមដាំកូនឈើ តាមបណ្តោយផ្លូវភ្លោះវាងក្រុង ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងស្ថាបនាផ្លូវជាតិលេខ៥ បានបញ្ជាក់ថាៈ ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូង (ព្រែកក្ដាម-ធ្លាម្អម) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) ជាផ្លូវក្រាលបេតុងកៅស៊ូAC ចែកជា២គន្លងទៅ២គន្លងមក គ្រោងសាងសង់រយៈពេល៤៨ខែ ជាគម្រោងហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មានផ្លូវវាងចំនួន៣កន្លែង គឺ ទីតាំងទី១ ក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ត្រង់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ កំពុងសាងសង់រូបសំណាកព្រះគោព្រះកែវ, ទីតាំងទី២ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ត្រង់ចំណុចផ្លូវបំបែកវាងក្រុងកំពង់ឆ្នាំង កំពុងសាងសង់រូបសំណាកឆ្នាំង និងទីតាំងទី៣ ក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ត្រង់ចំណុចចុងផ្លូវវាងក្រុងកំពង់ឆ្នាំង បានសាងសង់រូបនារីស្មូនឆ្នាំង។

ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ ព្រមទាំងអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ក្រោយពីផ្លូវនេះបានសាងសង់រួចរាល់ នឹងធ្វើឱ្យខេត្តកំពង់ឆ្នាំង ក្លាយជាខេត្តដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលមានបរិស្ថានស្អាត ទាក់ទាញបាននូវភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្ត ហើយខេត្តនឹងមានគម្រោងបន្ថែមទៀតដើម្បីទាក់ទាញអ្នកវិនិយោគិនជាតិ និង អន្តរជាតិ។ ឯកឧត្ដម ក៏សូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *