ភ្នំពេញ៖ភ្លើង បានឆេះបំផ្លាញរោងយាមក្នុងវិទ្យាល័យ ជាស៊ីម បឹងកេងកងអស់ទាំងស្រុងនៅតាមបណ្ដោយផ្លូវលេខ៦៣កែងផ្លូវ៣៩២ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងកាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រោងយាមនេះម្ចាស់ឈ្មោះ ស្រី ឡាក់ ភេទប្រុស អាយុ៨៧ឆ្នាំ ជាអ្នកយាមសាលា។មូលហេតុដែលបណ្ដាលឱ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី ។
ក្នុងហេតុការណ៍នេះភ្លើងបានឆេះបំផ្លាញផ្ទះឈើប្រក់ស័ង្កសី មានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ អស់ទាំងស្រុងតែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងអគារសាលាឡើយ ។ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដបង្ការនិងពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២រថយន្ត និងរថយន្តក្រសួងមហាផ្ទៃចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ ១រថយន្ត ទើបរលត់ទាំងស្រុង នៅ ថ្ងៃដដែល ៕