ព័ត៌មានសន្តិសុខសង្គម

តុលាការឃុំខ្លួនជនសង្ស័យ៦នាក់ដាក់ពន្ធនាគារករណីឆក់តាមដងផ្លូវ

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៤ខែមិនាឆ្នាំ២០២១នេះបានឃុំខ្លួនជនសង្ស័យ៦នាក់ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីមាត្រា៣៥៧បទលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) នៅខណ្ឌច្បារអំពៅ។
ជនត្រូវចោទទាំង៦នាក់មាន១.ឈ្មោះ ថេង ពិសិដ្ឋ អាយុ២០ឆ្នាំ ២.ឈ្មោះ ពេជ្រ សៀវនី អាយុ១៦ឆ្នាំ ៣.ឈ្មោះ អ៊ុ និមល អាយុ១៧ឆ្នាំ ៤.ឈ្មោះ ប៊ុន ណារិទ្ធ អាយុ១៧ឆ្នាំ ៥.ឈ្មោះ សយក ធា អាយុ១៧ឆ្នាំ និង៦.ឈ្មោះ កៅ វិចិត្រ អាយុ១៧ឆ្នាំ។
សមត្ថកិច្ចបានឱ្យដឹងថា៖ការចុះចាប់ជនសង្ស័យទាំង៦នាក់នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅត្រង់ដីឡូតិ៍មួយកន្លែងក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ក្នុងនោះជនរងគ្រោះឈ្មោះ អាត ស្រីកា អាយុ១៧ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅ ខណ្ឌច្បារអំពៅ ។សម្ភារដែលបាត់បង់រួមមាន ខ្សែកផ្លាទីន១ខ្សែ ទម្ងន់៧ជី បន្ដោងមានត្បូងពេជ្រតំលៃជិត២,០០០ដុល្លារ។
យោងតាមមាត្រា៣៥៧(បទលួចមានស្ថានទម្ងន់ទោស)តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ,ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ១០ឆ្នាំក្នុងករណីដូចខាងក្រោម៖១.អំពើលួចនេះប្រព្រឹត្តឡើងក្នុងពេល មុនពេលឬក្រោយពេលអំពើហិង្សា។២.អំពើនេះប្រព្រឹត្តឡើងដោយការកាប់ទន្លុះទម្លាយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *