កណ្ដាល៖លោកនុតពុធដារ៉ាអភិបាលរងខេត្តកណ្តាលបានចុះពិនិត្យដំណើរការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅតាមបណ្តាឃុំ ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ខេត្តកណ្តាលកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។
ក្នុងឱកាសចុះពិនិត្យដំណើរការនេះលោកនុតពុធដារ៉ាបានធ្វើការណែនាំដល់អ្នកអនុវត្តកម្មវិធីផ្ទាល់នៅតាមឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ត្រូវធ្វើការឲ្យបានច្បាស់លាស់ និងហ្មត់ចង់ដើម្បីធានាឱ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។
អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីអជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសឃុំសង្កាត់ត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារឱ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនបំផុតគឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។
ក្នុងនោះដែរលោកអភិបាលរងខេត្តកណ្តាលក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋប្រសិនបើមានបញ្ហាណាមួយអាចទាក់ទងជាមួយនឹងមេភូមិអជ្ញាធរឃុំដើម្បីជួយដោះស្រាយនិងអាចដាក់ពាក្យបណ្តឹងតវ៉ាក្នុងករណីមានការប្រព្រឹត្តមិនត្រឹមត្រូវពីសំណាក់មន្ត្រីអនុវត្តកម្មវិធី ទៅកាន់សាលាឃុំសង្កាត់ សាលាក្រុងស្រុក ឬ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ ដើម្បីធ្វើការដោះស្រាយជូន៕