ព័ត៌មានជាតិ

ពលករសម្រុកចូលស្រុក ខណៈអត់មានការងារនិងជិតបុណ្យចូលឆ្នាំ

ឧត្តរមានជ័យ៖មន្ត្រីមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា៖ពលករកម្ពុជាបានសម្រុកចូលស្រុកនៅច្រកព្រំដែន ក្នុងខេត្តឧត្តរមានជ័យមានចំនួនកាន់តែច្រើន។ការសម្រុកចូលច្រើនបែបនេះ ដោយសារពួកគាត់មិនមានការងារធ្វើនិងជិតដល់ថ្ងៃបុណ្យចូលឆ្នាំផង។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅថ្ងៃទី៤ខែមីនានេះថា៖ពលករកម្ពុជាប្រុស ស្រី បានសម្រុកចូលមកស្រុកកំណើតនៅតាមច្រកអូរស្មាច់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ មានចំនួនកាន់តែច្រើន។
លោកវេជ្ជបណ្ឌិតបានបន្តថា៖ ពលករសម្រុកចូលមកច្រើនបែបនេះ ដោយបច្ចុប្បន្ន ពួកគាត់អត់មានការងារធ្វើក្នុងប្រទេសថៃនិងជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិបានជួបជុំក្រុមគ្រួសារផង។បច្ចុប្បន្នមានពលករកម្ពុជាបានចូលមកតាមច្រកអន្តរជាតិអូរស្មាច់ ពីចន្លោះជាងចំនួន៤០០ទៅជាង៥០០នាក់ក្នុងមួយថ្ងៃ។អាជ្ញាធរខេត្តឧត្តរមានជ័យ គ្រោងរៀបចំបង្កើតមណ្ឌលធ្វើចត្តាឡីស័កបន្ថមទៀត។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានបញ្ជាក់ថា៖ចាប់តាំងពីថ្ងៃទី២០ខែធ្នូឆ្នាំ២០២០ ស្របពេលដែលប្រទេសថៃផ្ទុះជំងឺកូវីដ.១៩ខ្លាំង រហូតមកដល់ថ្ងៃនេះ ពលករប្រុស ស្រី ដែលបានចាកចេញពីប្រទេសថៃ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌុលនានាទូទាំងខេត្តមានចំនួនសរុប១៣.៩២៣នាក់ ។ក្នុងនោះបានធ្វើចត្តាឡីស័ករួចមានចំនួន៩.៥៨៤នាក់ និងកំពុងធ្វើចត្តាឡីស័កមានចំនួន៤.៣៣៩នាក់ លើទីតាំងមណ្ឌលធ្វើចត្តាឡីស័កដែលបានរៀបចំរួចមានចំនួន២៣មណ្ឌល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *