Uncategorized

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស និងឯកឧត្តម អ៊ាង សុផលែ្លត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងយុទ្ធការរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ រៀបចំផែនការជាយុទ្ធសាស្ត្រ ក្នុងយុទ្ធនាការក្តៅរួម ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំជាន់ទី១អគាររដ្ឋបាលខេត្ត ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម, ក្រុមការងារចម្រុះថ្នាក់ជាតិ, ប្រធាន អនុប្រធាន និងសមាជិក នៃអនុគណៈកម្មការទាំង៩ក្រុម នៃគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ជាច្រើននាក់ទៀត។

កិច្ចប្រជុំនេះដែរ គឺធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាដ៏ក្តៅគគុក នៃមហន្តរាយការកាប់ទន្ទ្រានដីព្រៃ និងដុតបំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ យកដីធ្វើមកធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស និងមានមន្ត្រីគ្រាប់ល្ពៅមួយចំនួន ដែលកំពុងឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ។

បន្ទាប់ពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម បានរាយការណ៍នូវរបាយការណ៍ បញ្ហាប្រឈម ក៏ដូចជាសំណូមពរ និងការលើកឡើងពីប្រធានអនុក្រុមការងារទាំង៩ក្រុម ដែលចុះប្រតិបត្តិការផ្ទាល់នោះ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានផ្តល់ជាបទពិសោធន៍ និងវិធានការមួយចំនួន ក្នុងការទប់ស្កាត់ ការទន្ទ្រានដីព្រៃ របស់​ជនល្មើស ឱ្យមានប្រសិទ្ធភាព រួមមាន៖
ទី១-ត្រូវទប់ស្កាត់ឱ្យខាងតែបាន ការរុករានទន្ទ្រានដីព្រៃ និងស្រាវជ្រាវរកមុខសញ្ញា កាប់បំផ្លាញព្រៃឈើដោយអនាធិបតេយ្យ (ពលរដ្ឋក្នុងស្រុក ឬអ្នកចំណូលស្រុក)
ទី២-លើកទឹកចិត្ត និងរៀបចំកម្លាំងប្រជាការពារ នៅតាមភូមិនីមួយៗ ដែលអាចធ្វើទៅបាន
ទី៣-ពង្រឹងកងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងតំបន់នីមួយៗ ដើម្បីទទួលខុសត្រូវរួម ត្រង់ទីតាំងដែលឈរជើង
ទី៤-រៀបចំផែនការឡើងវិញ ដើម្បីយកប្រៀប ក្នុងយុទ្ធនាការដ៏ក្តៅគគុកនេះ
ទី៥-សម្រាប់ថ្នាក់ជាតិ នឹងផ្តល់កងកម្លាំង សរុបចំនួន៥០០នាក់ ដែលក្នុងនោះរួមមាន៖ កម្លាំងនគរបាល ចំនួន២៥០នាក់ និងអាវុធហត្ថផ្ទៃប្រទេស ចំនួន២៥០នាក់ ដើម្បីសហការ ក្នុងយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំនេះ។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ជូនថវិកា ចំនួន១០០លានរៀល និងប្រេងសាំង ១ម៉ឺនលីត្រ និងលោកអ៊ាង សុផល្លែត បានផ្តល់ជូនថវិកា ចំនួន១០០លានរៀល និងប្រេងសាំង ១ម៉ឺនលីត្រ (សរុបថវិកា ២០០លានរៀល និងប្រេងសាំង ២ម៉ឺនលីត្រ) សម្រាប់កម្លាំងចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *