ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនប៉ូលីសក្លែងក្លាយ៤នាក់ ដើរអុកឡុកពលរដ្ឋទៅតុលាការ

ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​បន្តនីតិវិធីត្រៀមបញ្ជូនប៉ូលិសក្លែងក្លាយចំនួន៤នាក់ដែលដើរអុកឡុកប្រជាពលរដ្ឋទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។លោកវរសេនីយ៍ឯក ជឹមស៊ីថា អធិការខណ្ឌដង្កោ បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ថា៖ សមត្ថកិច្ចបានចាប់ជនសង្ស័យចំនួន៤នាក់ក្លែងជាមន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន។ជនសង្ស័យឈ្មោះកេត នីវីយ៉ា អាយុប្រហែល៣០ឆ្នាំ និងបក្ខពួកចំនួន៣នាក់ទៀត។ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងរថយន្តអត់ផ្លាក លេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១ ។លោកអធិការបន្តថា៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃវែងបានចុះទៅសាកសួរ តែខាងជនសង្ស័យដែលគ្រងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងមានកាតសម្គាល់ជានគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដោយមានពាក់ស័ក្ដិសុទ្ធតែវរសេនីយ៍ទោនិងវរសេនីយ៍ត្រី។ជនសង្ស័យទាំង៤នាក់ រួមវត្ថុតាងឯកសណ្ឋាននគរបាលជាតិនិងកាតសម្គាល់ខ្លួនរបស់ជន សង្ស័យ កម្លាំងនគរបាលខណ្ឌដង្កោប្រគល់ទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *