ព័ត៌មានសន្តិសុខសង្គម

បញ្ជូនឧកញ៉ាម្នាក់ទៅតុលាការ តាមដីកាពាក់ព័ន្ធបណ្ដឹងឆបោកលុយ១០ម៉ឺនដុល្លារ

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចាប់ឧកញ៉ាម្នាក់តាមដីកាបញ្ជូនទៅតុលាការ ដើម្បីសាកសួរពីដំណើររឿងឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ ក្នុងសាច់រឿងធានារត់ការឱ្យគេយកតួនាទីស្នងការរងខេត្តព្រះសីហនុក្នុងតម្លៃចំនួន៣០ម៉ឺនដុល្លារ។ការឃាត់នេះយោងតាមពាក្យបណ្ដឹងរបស់អ្នកស្រី ចាន់ ធូ នៅភូមិព្រៃនប់ ២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចូលទៅតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២១កន្លងទៅ ។សមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ប្រាក់ ប្រាកដ នេះបានធ្វើឡើងនៅក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅតាមផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខវាលាម៉ោង ៩ព្រឹក ថ្ងៃទី ១៨ខែមិថុនាឆ្នាំ ២០៣១។

មន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះប្រាក់ ប្រាកដ(ឧកញ៉ា) បាននិយាយធានារត់ការផ្ទេរឈ្មោះតួនាទីប្តីរបស់នាងឈ្មោះ អេង អូន ចេញពីក្របខ័ណ្ឌកងទ័ពទៅជាក្របខ័ណ្ឌនគរបាលជាតិ និងឡើងធ្វើជាស្នងការរងនគរបាលខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការចំនួន៣០ម៉ឺនដុល្លារ។ក្រោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី បានប្រគល់លុយចំនួន១០ម៉ឺនដុល្លារឱ្យទៅឈ្មោះប្រាក់ ប្រាកដ ហើយរង់ចាំលទ្ធផលផ្ទេរឈ្មោះ និងតួនាទីដោយមានតួនាទីជាស្នងការរងជាផ្លូវការ ទើបប្រគល់ប្រាក់ថែម២០ម៉ឺនដុល្លារទៀត។បណ្តឹងដដែលបានឱ្យដឹងទៀតថា៖ ក្រោយទទួលបានលុយដោយសន្យាធានារត់ការផ្ទេរឈ្មោះ និងក្របខ័ណ្ឌរួចមក ឈ្មោះ ប្រាក់ប្រាកដ ពុំបានធ្វើតាមការសន្យាឡើយ ហើយបានគេចវេះមិនចេះចប់មិនចេះហើយ។ ពេលទូរសព្ទសួរនាំ និងទាមទារយកលុយមកវិញ បើខ្លួនរត់ការមិនបាន គឺឈ្មោះនេះមិនលើកទូរសព្ទ មិនតបតាមតេឡេក្រាម ហើយគេចចេញមិនចូលផ្ទះ រហូតជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការ។នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចេញដីកាកោះហៅឈ្មោះ ប្រាក់ ប្រាកដ ឱ្យចូលខ្លួនមកឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែមិថុនា តែឈ្មោះនេះមិនព្រមចូលខ្លួន ទើបបង្គាប់ឱ្យនាំខ្លួនតែម្ដង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *