ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋពុលស្រាស្លាប់១០នាក់ និង១១នាក់ទៀតកំពុងសង្គ្រោះ

កំពត៖ពលរដ្ឋប្រុសស្រីចំនួន១០នាក់បានស្លាប់និង១១នាក់ទៀតកំពុងជួយសង្គ្រោះ ដោយសារពួកគាត់ផឹកស្រាសក្នុងបុណ្យសព។ហេតុការណ៍នេះបានកើតឡើងនៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតកាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។
លោក ឆា គង់នាយប៉ុស្តិ៍រដ្ឋបាលស្វាយទងខាងត្បូងបានឱ្យដឹងថា៖ពលរដ្ឋក្នុងមូលដ្ឋានចំនួន១០នាក់ ក្នុងនោះស្រី៧នាក់ បានស្លាប់ ដោយសារ តែនាំគ្នាផឹកស្រាស។ លោកបន្តថា៖កាលពីល្ងាច ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២១ មានស្រ្តីម្នាក់បានស្លាប់ បន្ទាប់ពីធ្វើ ការរួចចូលទិញស្រាផឹក។
ក្រោយមកអ្នកភូមិដែលទៅកំដរបុណ្យ សព ក៏នាំគ្នាផឹកស្រា រហូតមានហេតុការណ៍ពុលពេញរោងតែម្តង។ដោយអ្នកខ្លះបានស្លាប់នៅផ្ទះហើយអ្នកខ្លះទៀត ស្លាប់នៅគ្លីនិកឯកជន និង ខ្លះស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុក។លោក ឆា គង់ បានថ្លែងថា ក្រៅពីអ្នកស្លាប់ទាំង១០នាក់ គិតត្រឹម ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅមានអ្នករងគ្រោះ ១១នាក់ទៀតដែលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។
មន្ត្រីសាខាក.ប.បខេត្តកំពត បានលើកឡើងថា៖បន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងនគរបាលខេត្តកំពត ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។
បន្ទាប់ពីចុះដល់ទីតាំងកើតហេតុ មន្រ្តីជំនាញបានសាកសួរ និងទទួលបានព័ត៌មានថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ មានពលរដ្ឋដែលរស់នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មានអាការៈក្អួតចង្អោរ ទន់ដៃជើង រហូតស្លាប់ចំនួន ៩នាក់ និង១២នាក់ទៀតបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីបានទទួលទានស្រាស និងស្រាថ្នាំ ដែលទិញពីកន្លែងលក់ស្រាមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិជាមួយគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *