ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំគណៈប្រតិភូអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌទាំងអស់ក្នុងរាជធានី ចួលរួមរំលែកមរណៈទុក្ខ និងគោរពវិញ្ញាណក្ខន្ធលោកវីរៈសេនីយ៍ឯក សេង ឈាង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា

ភ្នំពេញ÷លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​គណៈប្រតិភូ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កង​អាវុធហត្ថ​ខណ្ឌ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​សព លោក សេង ឈៀង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​។​

​ក្នុងឱកាស​នៃ​ការចូលរួម​រំលែក​មរ​ណ​ទុក្ខ​នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការសោកស្តាយ​ប្រកបដោយ​ភាព​ក្រៀមក្រំ​ក្រៃលែង ហើយ​នេះ​ជា​ការបាត់បង់​នូវ​សហការី និង​ជា​ការបាត់បង់​នូវ​សមាជិក​នៃ​កងរាជអាវុធហត្ថ​ដ៏​ល្អ​ប្រសើរ​មួយរូប ពោរពេញ​ទៅដោយ​ឆន្ទៈ​មនសិការ ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​មាតុភូមិ​កម្ពុជា​។​

​លោក​វរសេនីយ៍ឯក សេង ឈៀង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដែល​មាន​ការទទួលខុសត្រូវ​លើ​ការបំពេញ​ភារកិច្ច​ការ​ងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។ ក្នុងនាម​ជា​មេបញ្ជាការ លោក សេង ឈៀង បាន​ដឹកនាំ​អង្គភាព​អាវុធហត្ថ​ខណ្ឌ​ចូលរួម​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក សេង ឈៀង បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង ៩៖៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​រោគាពាធ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​។ ពិធី​បុណ្យ​សព​ប្រារព្ធ​ធ្វើឡើង​តាម​ប្រពៃណី​នៅ​គេហដ្ឋាន អ្នកស្រី ម៉ន ឆ​យី ស្ថិតនៅ​ក្រុម​ទី​៥ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​ពី​ធី​បូជាសព​នឹង​ប្រព្រឹត្តទៅ​នៅ​វេលា​ម៉ោង​៧៖៣០​នាទី​ព្រឹក ថ្ងៃ​ទី​សៅរ៍ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២១៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *