កំពង់ឆ្នាំង៖ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយមានស្នាមភ្លើងឆេះរោលខ្លោចមួយកំណាត់ខ្លួន ក្នុងខ្ទមចាំចម្ការមួយស្ថិតនៅ ក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០ ។
លោកប៉ុលវុទ្ធីស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០នេះបានប្រាប់ឱ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះជាថនអាយុ៥៦ឆ្នាំមុខរបរជាកសិកររស់នៅក្នុងភូមិកើតហេតុ។ស្ត្រីរងគ្រោះបានមកដេកចាំចម្ការនៅចំណុចកើតហេតុ។ចំណែកប្តីរបស់គាត់ជាជនពិការភ្នែកទាំង២នៅចាំផ្ទះឯភូមិឃុំខាងលើ ។
ស្ត្រីរងគ្រោះបានស្លាប់នៅក្បែរម៉ូតូ១គ្រឿងដែលជារបស់ស្ត្រីរងគ្រោះ។ដោយឡែកខ្ទមចាំចម្ការក៏ត្រូវភ្លើងឆេះមួយចំនួន។លោកស្នងការរងបានឱ្យដឹងថានៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់ឱ្យបានច្បាស់អំពីករណីនៃការស្លាប់នេះអោយបានច្បាស់លាស់ ។
បើតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចជនរងគ្រោះអាចមានអាការៈមិនស្រួលខ្លួនហើយអាចស្រវ៉ាប៉ះចំចង្គៀងហើយដួលបណ្តាលឱ្យឆេះស្លាប់តែម្តង។ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការស្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះដើម្បីកំណត់ឱ្យបានច្បាស់ពិតប្រាកដជាក់លាក់អំពីមូលហេតុនៃការស្លាប់របស់ស្ត្រីរងគ្រោះ ៕