(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអធិការ អធិការរង នគរបាលស្រុក អញ្ជើញចូលរួមប្រជុំ និងជួបសំណេះសំណាល ជាមួយ លោកមេឃុំ ០៨ លោកនាយប៉ុស្តិ៍នគរបាលទាំង០៨និង ក្រុមប្រឹក្សាឃុំសង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលាស្រុកស្វាយចេក ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក និងថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីមូលដ្ឋាននៃស្រុកស្វាយចេក ។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក៏បាន ស្ដាប់របាយការណ៍ របស់អង្គពាក់ព័ន្ធអំពីស្ថានភាពឃុំទាំង០៨ ពីគោលនយោបាល ជាពិសេសសេវាសាធារណៈ ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ស្រុកស្វាយចេកទាំងមូល ។ ឯកឧត្តមបានពន្យល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដល់អង្គប្រជុំ និងណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ តាមដាន និងអនុវត្តកម្មវិធីគោលនយោបាយឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីដោះស្រាយបញ្ហានានារបស់ប្រជាជន ដាច់ខាតមិនត្រូវដោះស្រាយបញ្ហាមួយដោយបង្កើតបញ្ហាមួយទៀតឡើយ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងកោតសរសើរដល់មន្ដ្រីអាជ្ញាធរមូលដ្ឋានស្រុកស្វាយចេក ចំពោះសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋានស្រុកស្វាយចេក ឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕