ព័ត៌មានសន្តិសុខសង្គម

បញ្ជូនអ្នកទិញផលចោរកម្ម អ្នកលួចម៉ូតូនិងផ្លាកលេខជាង៤០បន្ទះ ទៅតុលាការ

ពោធិ៍សាត់៖ចោរលួចម៉ូតូនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញយកទៅលក់នៅខេត្តពោធិ៍សាត់ ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់បានទាំងអ្នកទទួលទិញ និងអ្នកលួចជាមួយផ្លាកលេខជាច្រើន ហើយបញ្ជូនទៅតុលាការ។ សមត្ថកិច្ចបានឱ្យដឹងថា ករណីបង្រ្កាបទីតាំងទទួលទិញម៉ូតូ ជាផលចោរកម្មនោះ ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្ត្រីដដែលបានបន្តថា កាលពីថ្ងៃទី១ ខែសីហាកន្លងទៅនៅមុខសកលវិទ្យាល័យន័រតុន ស្ថិតក្នុងភូមិទី២ សង្កាត់/ខណ្ខជ្រោយចង្វា មានចោរលួចម៉ូតូមួយគ្រឿងផ្លាកលេខភ្នំពេញ1JZ 1674 ។ម្ចាស់ឈ្មោះសឿង គឹមស៊ុន អាយុ ២១ឆ្នាំជាបុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំង នៅភូមិទី២ សង្កាត់ជ្រោយចង្វា។

ក្រោយពីបាត់ម៉ូតូជនរងគ្រោះបានមើលតាមប្រព័ន្ធGPS ក៏ឃើញសញ្ញា GPS លោតនៅម្តុំ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទើបទៅដាក់ពាក្យប្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាច។សមត្ថកិច្ចក៏បានស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនមនុស្ស២នាក់។

ជនសង្ស័យឈ្មោះ ជា វ៉ា ហៅពៅ អាយុ ៣៣ឆ្នាំនៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាម្ចាស់ផ្ទះ។ឈ្មោះ ម៉ម ប៊ុនសៀ អាយុ៤០ ឆ្នាំអ្នករត់ម៉ូតូឌុបនៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពេលឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងមាន ម៉ូតូឌ្រីមពណ៌ខ្មៅអត់ផ្លាកលេខចំនួន៤គ្រឿង-ផ្លាកលេខចំនួន៤១បន្ទះ-គ្រឿងបំបែកចេញពីម៉ូតូមួយចំនួន។ក្រោយមកជនសង្ស័យត្រូវនគរបាលខេត្តពោធិ៍សាត់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *