(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅមុននេះបន្ដិចនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា រយៈពេល២ម៉ោងទៀត ពោលម៉ោង៤ល្ងាច ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង និងមួយចំណែក នៅស្រុកសំរោងទង។
លោក វ៉ី សំណាង តាមរយៈ Facebook បានប្រកាស និងជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ ក្នុងក្រុងច្បារមនទាំងមូល និងស្រុកសំរោងទងមួយចំណែក ត្រូវរើសម្ភារផ្សេងៗនៅក្នុងផ្ទះ ចេញទៅរកទីទួលសុវត្ថិភាពជាបន្ទាន់។
អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងយ៉ាងដូច្នេះថា «សូមគោរពជម្រាប ជូនពុកម៉ែមាមីងបងប្អូន មេត្តាជ្រាបថានៅ២ម៉ោងទៀត (ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូល ហើយនិងស្រុកសំរោងទងមួយចំណែក។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមពុកម៉ែមាមីងបងប្អូន ដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ»។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។
ឆ្លើយតបនឹងស្ថានភាពនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។
ជាមួយនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមរយៈរាជរដ្ឋាភិបាលកម្ពុជា៕