ព្រះវិហារ៖បទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
នាយឧត្តមសេនីយ៍បានបញ្ជាយ៉ាងដាច់ណាត់ដល់គ្រប់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា។ត្រូវស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ក្នុងនោះពាក់ព័ន្ធនឹងជនល្មើស និងអ្នកពាក់ព័ន្ធ រួមទាំងមន្រ្តីឃុបឃិតជាមួយជនល្មើសទាំងមន្រ្តីជំនាញ។
នាយឧត្តមសេនីយ៍ សៅ សុខាបន្តថា ចំពោះការអនុវត្តច្បាប់ដោយមន្រ្តីនគរបាលយុត្តិធម៌ ដីព្រៃអភិរក្សត្រូវអនុវត្តដោយមន្រ្តីបរិស្ថាន ដីអភិវឌ្ឍន៍ និងព្រៃអភិវឌ្ឍន៍អនុវត្តដោយមន្រ្តីបរិស្ថាន។ ប៉ុន្តែត្រូវសហការជាមួយមន្រ្តីក្រសួងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមផ្លូវច្បាប់។
ក្រោយមានបទបញ្ជាខាងលើ ឯកឧត្តម គីម រិទ្ធីអភិបាលខេត្តព្រះវិហារថ្ងៃទី២៧ ខែមេសានេះបានណែនាំដល់មន្រ្តីពាក់ព័ន្ធក្នុងខេត្តទាំងអស់ ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដើម្បីបង្ក្រាបឱ្យបានទាំងជនល្មើស និងអ្នកពាក់ព័ន្ធ។
អភិបាលខេត្តបានអះអាង និងបញ្ជាភ្លាមៗយ៉ាងដូច្នេះថា ទី១ អភិបាលខេត្តព្រះវិហារ មិនយកលុយមួយរៀលពីឈ្មួញឈើទេ ។ទី២ សូមទប់ស្កាត់ឱ្យបាននូវបទល្មើសព្រៃឈើ ។ទី៣ បើមានមន្រ្តីពាក់ព័ន្ធនឹងមានវិធានការដកតំណែងមន្រ្តីនោះចោលតែម្តង៕