បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបជនសង្ស័យចំនួន២នាក់ ដកហូតថ្នាំញៀនជាង ១៥គីឡូក្រាមក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះថា ប្រតិបត្តិការធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៣៖១៥នាទី ដោយមានការដឹកនាំសម្របសម្រួលពីលោក សោ វុទ្ធី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ, កម្លាំងជំនាញការិយាល័យ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ សៀង ណុល នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបករណីជួញដូគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងគ្នា៖ ១.ភូមិសាមគ្គីមានជ័យ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ២.នៅចំណុច KTV G9 ស្ថិតនៅភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត និង ៣.ចំណុចផ្លូវលំ ភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សម្រាប់លទ្ធផលនៃការបង្ក្រាបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ឈ្មោះ សាន ប៊ុនថេត ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សុខ ផល្លី (មេក្លោង) ភេទប្រុស អាយុ៣៦ឆ្នាំ។ ចំណែកគ្រឿងញៀន ដែលដកហូតបានរួមមាន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥គីឡូ ៤៤២.៦៨ក្រាម និងកេតាមីនចំនួន០៤កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តតាមនីតិវិធី។
សូមជម្រាបថា រយៈពេលចុងក្រោយនេះ ក្រោមការចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនធំៗជាច្រើនករណី។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបង្ក្រាបបទល្មើសនេះឲ្យដល់ឫសគល់៕