បាត់ដំបង៖យោធាថៃបានចាប់ពលរដ្ឋរបស់ខ្លួន រួមទាំងជនជាតិម៉ាឡេស៊ី និងជនជាតិចិនជាង ២០នាក់ដែលបម្រុងឆ្លងដែនចូលមកប្រទេសកម្ពុជាក្នុងគោលបំណងស្វែងរកការងារធ្វើតាមកាស៊ីណូអនឡាញតំបន់ព្រំដែន។
ការឃាត់ខ្លួនប្រជាពលរដ្ឋថៃ និងជនជាតិផ្សេងទៀតជាច្រើនដោយសមត្ថកិច្ចថៃនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២១ ត្រង់តំបន់ឈមគ្នាជាមួយភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។ពលរដ្ឋប្រុសស្រីចម្រុះជាតិសាស្ត្រទាំងអស់សរុបចំនួន ២២នាក់ រួមជាមួយមេខ្យល់ម្នាក់ដែរ។ អ្នកទាំងអស់ត្រូវបានកម្លាំងយោធារបស់ប្រទេសថៃឃាត់ខ្លួនបានអនុវត្តតាមនីតិវិធី ខណៈដែលពួកគេបម្រុងនឹងឆ្លងដែនពីទឹកដីថៃ ហើយចូលមកប្រទេសកម្ពុជា។
ក្រោយការចាប់ខ្លួនសាកសួរពលរដ្ឋធ្វើចំណាកស្រុកទាំងអស់បានលើកឡើងថា ពួកគេឆ្លងដែនចូលមកប្រទេសកម្ពុជានេះដើម្បីស្វែងរកការងារធ្វើនៅក្នុងកាស៊ីណូអនឡាញ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនៅទីនោះក្រុមហ៊ុនមានការធានារ៉ាប់រងជួយទាំងការហូបចុក ក៏ដូចជាការស្នាក់នៅផ្សេងទៀត៕