ព័ត៌មានជាតិ

និមន្តព្រះសង្ឃ និងតាអាចារ្យរៀបចំសែនព្រេន សូត្រមន្តប្រោះព្រំស្ពានឬស្សីកែវ សូមសេចក្តីសុខ

ភ្នំពេញ៖អាជ្ញាធរខណ្ឌឬស្សីកែវ-ខណ្ឌជ្រោយចចង្វា និងក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី២៣ ខែមករានេះ បាននិមន្តព្រះសង្ឃចំនួន៤អង្គ និងតាអាចារ្យ២នាក់ រៀបចំសែនព្រេន សូត្រមន្ត បោះព្រំស្ពានខ្សែកាបឬស្សីកែវ សុំសេចក្តីសុខ។ការរៀបចំពិធីនេះ ដើម្បីបញ្ជៀសនូវរាល់គ្រោះថ្នាក់ទាំងឡាយ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២០ ខែមករានោះផងដែរ។
កម្មវិធីធ្វើនៅក្រោមស្ពានអាកាសឬស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលជា កន្លែងកើតមានគ្រោះថ្នាក់ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន OCIC និងលោក អភិបាលខណ្ឌឬស្សីកែវ។ការសែនព្រេន ដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដី និងទេវតាថែរក្សាទឹកដី មានជ្រូកខ្វៃ និងភេសជ្ជៈដើម្បីសេចក្តីសុខ បញ្ចៀសគ្រោះថ្នាក់គ្រប់ប្រការ សូមកុំឱ្យកើតមានតទៅទៀត។
បន្ទាប់ពីសូត្រមន្តរួចព្រះសង្ឃ និងតាអាចារ្យក៏បានសូត្រមន្ត ដើរប្រោះព្រំតាមដងផ្លូវក្រោមស្ពាន និងលើស្ពានខ្សែកាបជុំវិញកន្លែងកើតហេតុនាពេលកន្លងទៅ។ គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២០ ខែមករាឆ្នាំ២០២៤ មានរថយន្តម៉ាក Ford Ranger ផ្លាកលេខភ្នំពេញ 2AZ-5854 បើកបរឈ្មោះ នាង សំអូន ភេទប្រុស ជាមន្ត្រីគយតំបន់៣ម នៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
មុនកើតហេតុរថយន្តបង្កបានបើកចុះទៅលើស្ពានខ្សែកាបឬស្សីកែវ បានបុករុញពីក្រោយរថយន្តនិងម៉ូតូកំពុង ឈប់ចាំភ្លើងស្តុបពេញទំហឹង បណ្តាលឱ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៣នាក់ស្រាលម្នាក់។ជាមួយនោះធ្វើឱ្យរថយន្តខូចស្ទើទាំងស្រុង២គ្រឿង និងម៉ូតូ៤គ្រឿងខូចខ្ទេចខ្ទី។
បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ស្ថិតនៅក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាកុល០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់ ត្រូវបានសមត្ថកិច្ចចាប់ បញ្ជូនទៅតុលាការរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី២២ ខែមករាដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *