ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សក្នុងឃុំត្រពាំងជោ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី៤ ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ ក្នុងមូលដ្ឋានឃុំត្រពាំងជោ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានេះ ដោយមានវត្តមានចូលរួមពីឯកឧត្តម សំ រិទ្ធី ប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនីតិវិធីនៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ឯកឧត្តម សុខ ភា ប្រធានក្រុមការងារគណបក្សចុះជួយស្រុកឱរ៉ាល់, ព្រមទាំងប្រធានគណៈកម្មាធិការគណបក្សឃុំ និងសមាជិក សមាជិកាបក្ស។

បន្ទាប់ពីឯកឧត្តម សាន វណ្ណេត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំត្រពាំងជោ បានឡើងធ្វើរបាយការណ៍អំពីការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពការអភិវឌ្ឍសមិទ្ធផលនានាក្នុងភូមិ ឃុំ និងសកម្មភាពសប្បុរសធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សំដៅចូលរួមលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងនៅតំបន់ដាច់ស្រយាលរួចមក។ ក្នុងជំនួបនេះឯកឧត្តម សំ រិទ្ធី បានបង្ហាញពីវិធីគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីធានាភាពសុក្រឹតដល់សន្លឹកឆ្នោតដែលយកជាការបាន។ បន្ថែមលើការចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ អង្គពិធីទាំងអស់បានបង្ហាញពីស្មារតីយ៉ាងមោះមុត ដើម្បីធានាបានភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជាជានិច្ច។

ក្រោមបរិយាកាសដែលប្រកបដោយភាពសប្បាយរីករាយ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា គ្មានអ្វីដែលធ្វើតម្រូវចិត្តមនុស្សគ្រប់ៗគ្នានោះទេ ប៉ុន្តែយើងទាំងអស់គ្នាតែងតែមានស្មារតីធ្វើដោយចិត្តស្រលាញ់ និងមានទំនួលខុសត្រូវ ហើយការខិតខំប្រឹងថ្ងៃនេះ គឺដើម្បីអនាគតកាន់តែល្អដល់កូនចៅយើងគ្រប់ៗគ្នា។ សកម្មភាពនាពេលកន្លងទៅរបស់គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយប្រជាជន ហើយដោះស្រាយរាល់បញ្ហាជូនប្រជាជន មិនមែនតាមរដូវកាល។ ទន្ទឹមនឹងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជំរុញ និងលើកទឹកចិត្តដល់ ពុក ម៉ែ បងប្អូន ចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីសុក្រិតភាព និងភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា និងធានាបាននូវការដោះស្រាយបញ្ហាជូនប្រជាជន។

ជាចុងក្រោយឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ពិធីសំណេះសំណាលនាពេលនេះ អាចប្រព្រឹត្តទៅបានក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំរបស់របស់រាជរដ្ឋាភិបាលនាពេលកន្លងមក បានធ្វើអោយពុកម៉ែ បងប្អូន អ៊ុ ពូមីង និងក្មួយៗ មានឱកាសបានមកជួបជុំគ្នានៅក្នុងថ្ងៃនេះគឺពិតមានអត្ថន័យ ហើយសកម្មភាពទាំងនេះនឹងនៅតែបន្តជារៀងរហូត ដើម្បីការឆ្ពោះទៅមុខកាន់តែមានការអភិវឌ្ឍនៅគ្រប់វិស័យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *