(កំពង់ចាម) នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានចាត់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ហែម សុវត្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះសូទិន ប្រមាណជាង៤.០០០នាក់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ កោះសូទិន ស្រុកកោះសូទិន។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែកមួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះថា បើយើងមានជំងឺឈឺស្កាត់ យើងត្រូវទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយបង់ប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែពិធីនៅថ្ងៃនេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលឡើយ។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដែរថា ស្របពេលប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើន បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូ និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ យ៉ាងណាមិញ ទន្ទឹមនឹងការ កសាងសមិទ្ធផល នៃផ្នែកហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ ផងដែរ អំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពីព្រោះថា ដើម្បី ជីវិតរស់នៅបានយឺនយូរ ចាំបាច់ណាស់មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពល្អបរិបូណ៌ ទាំងផ្លូវកាយ និងផ្លូវចិត្ត ទើបជាការប្រសើរ៕