ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ត្រីនគរបាលមូលដ្ឋាន

 

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៣ នេះ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំ លោក-លោកស្រី ស្នងការរង ទទួលផែនទាំង ១៣ និងអធិការក្រុង-ស្រុក ទាំង ១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ត្រីនគរបាលមូលដ្ឋាន ។

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោបានលើកឡើងពីបញ្ហាគ្រឿងញៀន ដែលជាបញ្ហាអាទិភាពទី១ ត្រូវដោះស្រាយ ដូច្នេះ ពេលត្រឡប់ទៅវិញអធិការទាំងអស់ ត្រូវផ្សព្វផ្សាយបន្តដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានដឹងច្បាស់ ហើយបើមន្ត្រីណាហ៊ានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ករណីមានភស្តុតាងគ្រប់គ្រាន់ គឺគ្មានការលើកលែងនោះឡើយ ដាច់ខាតត្រូវតែអនុវត្តទោស ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់អធិការក្រុង ស្រុក ទាំង ១៣ ត្រូវចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ឲ្យអស់ពីមូលដ្ឋាន និងត្រូវកែប្រែឥរិយាបថឲ្យទន់ភ្លន់តែម៉ឺងម៉ាត់ ដើម្បីទាញយកការស្រលាញ់ពីប្រជាពលរដ្ឋឲ្យបាន ។

លោកស្នងការក៏បានណែនាំដល់អធិការក្រុងស្រុក ត្រូវពង្រឹងឡើងវិញចំពោះរថយន្តពន្លត់អគ្គិភ័យ ត្រូវទុកដាក់រថយន្តឲ្យបានស្រួលបួល និងត្រូវមានអ្នកប្រចាំការយ៉ាងតិច ២នាក់ ដើម្បីត្រៀមនៅពេលមានហេតុការណ៍អគ្គិភ័យកើតឡើង ចេញរថយន្តទៅជួយអន្តរាគមន៍បានទាន់ពេលវេលា ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់គ្រប់ផែនទាំងអស់ ត្រូវចាប់ផ្តើមយុទ្ធនាការបង្កើនសមត្ថភាពមន្ត្រីតាមរយៈរាយការណ៍ សុំគោលការណ៍បំពាក់បំប៉នបន្ថែម និងចាប់ផ្តើមធ្វើ របាយការណ៍តាមប្រព័ន្ធកុំព្យូទ័រ ពិសេសការកសាងសំណុំរឿង ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *