ភ្នំពេញ៖ជនសង្ស័យម្នាក់បានចាក់ប្លន់យកលុយនិងទូរសព្ទទៅបាត់បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់គេឃើញដេកនៅលើបង់សម្រាប់អង្គុយមានទាំងឈាមជោគដៃនិងខ្លួន។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនោះបានកើតឡើងនៅម្តុំផ្លូវ១៤៤ ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី២៥ ខែមករាត្រូវបានគេជួយហៅរថយន្តដឹកយកទៅមន្ទីរពេទ្យ។
បុរសស្ថិតក្នុងសភាពរងរបួសធ្ងន់នោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូជាមួយមិត្តភក្តិរកទិញទឹកផឹកនៅខាងក្រោយវត្តឧណ្ណាលោម។ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់បានយកកន្ត្រៃមកចាក់ចំដៃខាងឆ្វេងរបស់គាត់ឱ្យហូរឈាមរួចប្លន់យកកាបូបលុយនិងទូរសព្ទមួយគ្រឿងរត់គេចខ្លួនបាត់។
ចំណែកមិត្តភក្តិឃើញសភាពបែបនេះក៏ជិះម៉ូតូរត់ចោលទើបគាត់ដើរទាំងឈាមហូរមកដេកនៅលើបង់តែម្តង។ករណីនេះប្រជាពលរដ្ឋបានឃើញក៏នាំគ្នាជួយទាក់ទងហៅរថយន្តពេទ្យដើម្បីដឹកយកទៅសង្គ្រោះបន្ទាន់។បន្ទាប់មកសមត្ថកិច្ចក៏បានបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកចាត់ការតាមច្បាប់៕