ព្រះវិហារៈទេសរដ្ឋមន្ត្រី មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានថ្លែងអំពាវនាវឱ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋត្រូវរួបរួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្ស។
ការថ្លែងអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសម្ពោធអគារ ស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។
ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងជំរុញឱ្យរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដើម្បីធានាបាននូវសុខសន្តិភាពនៅតាមមូលដ្ឋានរបស់យើងនិងត្រូវបន្តការគាំទ្រនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពិសេសក្នុងកែកែទម្រង់គ្រប់វិស័យដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាបន្តទៀត។
លោកថែមទាំងជំរុញ ឱ្យបន្តអនុវត្តន៍ទៅតាមគោលការណ៍ ដែលក្រសួងសុខាភិបាលបានណែនាំ ដោយមិនត្រូវធ្វេសប្រហែសនោះទេការពាក់ម៉ាសការធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ១៩ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរថែមទៀត៕