Uncategorized

អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ថាការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ មិនលើសពី១០គីឡូវ៉ាត់ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងឡើយ

 

ចំពោះប្រជាពលរដ្ឋទូទៅ ដែលដាក់ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលគេហដ្ឋាន ឬទីតាំងអាជីវកម្ម ដែលមានអានុភាពមិនលើសពី ១០គីឡូវ៉ាត់ ឬដែលស្មើនឹងការដាក់ដំឡើងផ្ទាំងសូឡាធុនធំប្រហែល ១៦ផ្ទាំង ឬធុនមធ្យមប្រហែល២០ផ្ទាំង ដែលគ្របដណ្ដប់លើដំបូលទីតាំងប្រហែលពី ១២០ ទៅ ២០០ម៉ែត្រការ៉េ មិនតម្រូវឱ្យបង់ថ្លៃអគ្គិសនីបម្រុង ឬប៉ះប៉ូវនោះ​ឡើយ។

ដោយឡែក ចំណែកឯថ្លៃប៉ះប៉ូវ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងអនុវត្តចំពោះតែអ្នក ប្រើប្រាស់ធំៗ ដូចជា រោងចក្រឧស្សាហកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬ អគារធំៗ ដែលចង់ដាក់ដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យធុនមធ្យម និងធំប៉ុណ្ណោះ។

តាមអាជ្ញាធរអគ្គីសនីកម្ពុជា បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានការរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។

អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនី ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទាំងអស់ ធ្វើស្វ័យប្រកាសនៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនី ឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនីដោយផ្ទាល់ ដើម្បីចុះបញ្ជី និងទទួលបានការអនុញ្ញាតឱ្យដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យលើដំបូលស្របតាមច្បាប់។

ជាមួយគ្នានោះ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ចាក់ថា ការដាក់ពាក្យស្វ័យប្រកាស គឺជាការប្រមូលទិន្ន័យដើម្បីយកមកវិភាគស្ថិរភាព ផ្គត់ផ្គង់ ចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ៕

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *