ព័ត៌មានសន្តិសុខសង្គម

ព័ត៌មានបន្ថែមករណីមេធាវីជាខ្មាន់កាំភ្លើងបាញ់សង្សារឲ្យស្លាប់រួចបាញ់សម្លាប់ខ្លួនឯង។

ព័ត៌មានបន្ថែម ករណីមេធាវីជាខ្មាន់កាំភ្លើង បាញ់សង្សារឱ្យស្លាប់ រួចបាញ់សម្លាប់ខ្លួនឯង

ភ្នំពេញ៖ករណីមេធាវីជាខ្មាន់កាំភ្លើង បានបាញ់សង្សារឱ្យស្លាប់ រួចបាញ់សម្លាប់ខ្លួនឯងនោះ
អ្នកស្គាល់បានអះអាងថា មួលហេតុនាងរងគ្រោះ សុំបែកគ្នាជាមួយមេធាវីជាសង្សារ ធ្វើឱ្យបុរសមេធាវីជាខ្មាន់កាំភ្លើង បានបាញ់ប្រហារឱ្យនាងស្លាប់ រួចក៏បាញ់ខ្លួនឯងនិងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីម៉ោងប្រមាណ៩យប់ថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ត្រីដែលគេបាញ់ស្លាប់ឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំជាអ្នកលក់ទំនិញអនឡាញ។ចំណែកខ្មាន់កាំភ្លើង និងជាអត្តឃាតជនឈ្មោះ ទូច វឌ្ឍនៈ អាយុ ៣២ឆ្នាំជាមេធាវី ប្រើកាំភ្លើងខ្លីម៉ាក CZp07 សមត្ថកិច្ចរកឃើញសំបកគ្រាប់ចំនួន៥។

តាមកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញ គឺមុនកើតហេតុស្ត្រីរងគ្រោះបានបើករថយន្តម៉ាក Ford territory ពណ៌សផ្លាកលេខ ភ្នំពេញ 2AR-4896 តាមផ្លូវ១៩៦៦ ពីកើតទៅលិច។មកដល់កន្លែងខាងលើក៏បានឈប់ក្បែរបុរីមួយកន្លែង។

ពេលនោះគេឃើញរថយន្តម៉ាក MG ពណ៌ខ្មៅផ្លាកលេខភ្នំពេញ 2BS-8007 បើកបរដោយបុរសជាខ្មាន់កាំភ្លើង មកឈប់ពីក្រោយរថយន្តស្ត្រីរងគ្រោះ។បន្ទាប់មកនាងរងគ្រោះក៏បានបើកទ្វារចុះពីរថយន្ត ហើយដើរមិនបានប៉ុន្មានជំហានផង ខ្មាន់កាំភ្លើងក៏ចុះពីរថយន្តដែរបានដកកាំភ្លើងខ្លីបាញ់សំដៅទៅលើនាងជាច្រើនគ្រាប់ បណ្តាលឱ្យនាងដួលស្លាប់ក្នុងថ្លុកឈាម។រីឯបុរសជាជនដៃដល់ បានយកកាំភ្លើងបាញ់ចំក្បាលសម្លាប់ខ្លួនឯង ក៏ដួលរងរបួសធ្ងន់ ហើយបានស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុកម្លាំងមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើសពស្ត្រីរងគ្រោះ។ក្រោយពិនិត្យរួច ក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។

គួររំលឹកថា កាលពីខែ១២ឆ្នាំ២០២៣ បុរសជាមេធាវី និងជាខ្មាន់កាំភ្លើងរូបនេះ បានបើករថយន្តម៉ាក MG ពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ 2BS-8007 មកឈប់លើស្ពានកោះនរា ហើយឡើងលើបង្កាន់ដៃស្ពានប្រុងលោតចុះទឹក បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកធ្វើដំណើរឆ្លងកាត់។ មួយសន្ទុះក្រោយមកបុរសខាងលើ ក៏បានចុះពីបង្កាន់ដៃស្ពានចូលរថយន្តបើកចេញទៅបាត់។រហូតមកដល់ពេលនេះ ទើបមានហេតុការណ៍ ដ៏អាក្រក់បានកើតឡើងពីទង្វើបុរសមេធាវីរូបនេះតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *