Uncategorized

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាំយកស្បៀងសង្គ្រោះបន្ទាន់ ទៅចែកជូនប្រជាពលរដ្ឋចំនួន១.០៩៣គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាស្បៀងសង្គ្រោះបន្ទាប់ តាមរយៈគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកពីឃុំអន្លង់វិល ឃុំស្យា ឃុំកញ្ជរ ឃុំកណ្តៀង ឃុំស្រែស្តុក ឃុំកោះជុំ ឃុំវាល និងឃុំស្វាយលួង ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន១,០៩៣គ្រួសារ។

នាឱកាសនោះ លោក ខូយ រីដា បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ក្នុងកំឡុងពេលដែលបងប្អូនកំពុងតែជួបការលំបាកនាពេលកន្លងមកនេះ ថ្នាក់ដឹកនាំទាំងអស់ នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋ គ្រប់ពេលវេលាជានិច្ច។

លោកអភិបាលខេត្ត បានក្រើនរំឭកបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀតត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យបានទាំងអស់គ្នា។

លោក ខូយ រីដា ក៏បានជំរុញឲ្យថ្នាក់ដឹកនាំមន្ទីរជំនាញត្រូវពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលការរងខូចខាត ដោយសារជំនន់ទឹកភ្លៀង ព្រមទាំងផ្តល់ពូជស្រូវសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋយើង មានលទ្ធភាពបង្កបង្កើនផលស្រូវស្តារឡើងវិញផងដែរ។

គួរបញ្ជាក់ថា អំណោយជាស្បៀងសង្គ្រោះបន្ទាន់ ដែលត្រូវចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ទាំង១,០៩៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ១កេស៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *