ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនក្មេងទំនើង១១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ពើហិង្សា

(បន្ទាយមានជ័យ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងជាង១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាកាប់ចាក់គ្នាតាមទីសាធារណៈ នៅយប់ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យ (វេទិកា) មុខកន្លែងលក់ស្រាក្រឡុក ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន PLAnews ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅយប់ឈានចូលថ្ងៃទី០៧ ខែកញ្ញា សមត្ថកិច្ចទទួលបានព័ត៌មានថា មានករណីប្រើប្រាស់អំពើហិង្សាទៅវិញទៅមក និងធ្វើឲ្យខូចខាតម៉ូតូ នៅទីតាំងខាងលើ ដោយក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយកាំបិត និងដាវសាំម៉ូរ៉ៃ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញក្រុង និងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវនាំយកមុខសញ្ញាទាំង២ ក្រុមមានចំនួន១១នាក់ ក្រុមទី១ចំនួន៤នាក់ និងក្រុមទី២ មានគ្នា៦នាក់ (ក្នុងនោះ២នាក់រត់គេចខ្លួន) យកមកអធិការនគរបាលក្រុងដើម្បីសាកសួរ។

បន្ទាប់ពីធ្វើការសួរនាំ ជនសង្ស័យទាំង១០នាក់នោះ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពវ៉ៃ និងដេញកាប់គ្នាទៅវិញទៅមកពិតប្រាកដមែន។ ក្នុងសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ម៉ូតូ៤គ្រឿង ម៉ាកហុងដាឌ្រីម៣គ្រឿង ពណ៌ខ្មៅ ម៉ាកស្កុបពី១គ្រឿង ពណ៌ផ្កាឈូក និងដាវសាំម៉ូរ៉ៃ ចំនួន២ដើម កាំបិតខ្វែវ មានដងដែកចំនួន១ដើម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *