ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យ៖រថយន្តបើកបុកមនុស្ស២នាក់កំពុងជិះម៉ូតូឆ្លងផ្លូវបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវវាងក្រុង ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា។

មន្ត្រីនគរបាលបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូហុងដាឌ្រីមផ្លាកលេខសៀមរាប1K-5946 ឆ្លងផ្លូវពីត្បូងទៅជើង។ ពេលនោះស្រាប់តែមានរថយន្តតូយ៉ូតារ៉ាលីពណ៌ខ្មៅបើកក្នុងល្បឿនលឿនពីកើតទៅលិចបានបុកម៉ូតូពេញទំហឹង។ខណៈមនុស្សខ្ទាតជិត២០ម៉ែត្របណ្ដាលឱ្យស្លាប់ម្នាក់ភ្លាមនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់។ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ មៃ មុំ អាយុជាង៥០ឆ្នាំជាពោះម៉ាយកូនមួយ នៅភូមិបត់ត្រង់តូច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។រីឯម្នាក់ទៀតរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណ។

បន្ទាប់កើតហេតុមន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានចុះវាស់វែងនិងយកសាកសពទៅទុកនៅវត្តដើម្បីស្វែងរកសាច់ញាតិ។សមត្ថកិច្ចក៏បានស្រាវជ្រាវរកចាប់រថយន្តបង្កដើម្បីឱ្យអ្នកបើកបរចូលខ្លួនដោះស្រាយតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *