តាកែវ៖មានក្មេងទំនើងបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើឡានអ្នកធ្វើដំណើរលើផ្លូវទាំងកណ្តាលយប់យ៉ាងអនាធិបតេយ្យធ្វើឱ្យអ្នកដំណើរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរផ្លូវជាតិលេខ២មានការព្រួយបារម្ភនិងភិតភ័យជាខ្លាំង។
ឬមួយក្មេងទំនើងទាំងនោះចង់សាកសមត្ថភាពលោកអធិការនគរបាលស្រុកបាទីទើបមកកាន់តំណែងថ្មីទេដឹង?ទន្ទឹមនេះប្រជាពលរដ្ឋសង្ឃឹមថាលោកវរសេនីយ៍ឆាយកែវមុន្នីអធិការស្រុកបាទីទើបមកកាន់តំណែងថ្មី ត្រូវជួយមានវិធានការផង និង វែកមុខក្មេងទំនើង យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា មានគណនីហ្វេសប៊ុកមួយឈ្មោះ « Bong Vy Tk»បានសរសេរថា«កំពុងតែអត់លុយផង ហើយអាសំណប់ត្រូវក្មេងទំនើងនៅបាទីគប់បែកកញ្ចក់ទៀតកម្មមែន»។តាមការអះអាងគឺហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ កាលពីយប់ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានលួចបង្ហើបប្រាប់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា នៅលើផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ ចាប់ពីព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មក គឺ ឱ្យតែយប់ឡើងសម្បូរក្រុមក្មេងទំនើងជិះម៉ូតូដេញវាយគ្នានិងធ្វើសកម្មភាពពួនស្ទាក់គប់រថយន្តអ្នកធ្វើដំណើរជាញឹកញាប់ណាស់។តែមិនដែលឃើញសមត្ថកិច្ចឃាត់ខ្លួនបានទេដោយមិនដឹងថាក្រុមក្មេងទំនើងនោះឆ្លាតជាងសមត្ថកិច្ច ឬ សមត្ថកិច្ច អសមត្ថភាពនោះទេ ។
ជុំវិញបញ្ហានេះបានទំនាក់ទំនងទៅលោកវរសេនីយ៍ឆាយកែវមុន្នីអធិការនគរបាលស្រុកបាទីនៅរសៀលថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០ដើម្បីសុំការបញ្ជាក់បន្ថែម។តែពេលចូលហើយលោកបានចុចបិទទូរស័ព្ទ ផ្តាច់វិញ៕