ព័ត៌មានជាតិ

អាជ្ញាធរបិទផ្សារសេរីស្ទោង ក្រោយរកឃើញអ្នកលក់សាច់ជ្រូកម្នាក់ផ្ទុកកូវីដ-១៩

កំពង់ធំ៖អាជ្ញាធរខេត្តកំពង់ធំបានចេញសេចក្តីជូនដំណឹងដោយសម្រេចបិទផ្សារសេរីស្ទោងក្នុងភូមិកំពង់ក្តីឃុំកំពង់ចិនត្បូងក្រោយរកឃើញអាជីវករម្នាក់ឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២១។
មន្ត្រីខេត្តកំពង់ធំបានឱ្យដឹងថា៖អាជីវករផ្សារសេរីស្ទោង ដែលរកឃើញវិជ្ជមាន កូវីដ១៩ មានឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូក។ដោយគាត់បាន ជាប់ពាក់ព័ន្ធឈ្មោះ ស៊ាង គឹមសាន អាយុ ៤៧ឆ្នាំ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលត្រូវបានរដ្ឋបាលខេត្តសៀមរាប ផ្តល់ព័ត៌មានមកថាវិជ្ជមានកូវីដ១៩។

មន្ត្រីដដែលបានបន្តថា៖ដើម្បីធានាដល់ការគ្រប់គ្រង ការរីករាលនៃជំងឺកូវីដ១៩ឱ្យបានល្អប្រសើរខេត្តសម្រេច បិទផ្សារសេរីស្ទោងនេះ ជាបណ្តោះអាសន្ន។ក្នុងនោះអាជ្ញាធរខេត្តសូមអំពាវនាវដល់អ្នក ដែលបានចូលរួម បុណ្យសពម្តាយរបស់ឈ្មោះ ស៊ាង គឹមសាន កាលនៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ។

អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាព្រះនាង។ជាមួយគ្នានេះអាជ្ញាធរខេត្ត ក៏អំពាវនាវចំពោះបងប្អូន ដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យ សូមពិនិត្យ តាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាក នៅផ្ទះដាច់តែឯង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *