ភ្នំពេញ៖ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញឃ្លាំងសិប្បកម្មដេរពូកសាឡុងមួយកន្លែង-រថយន្តPajaroមួយគ្រឿងនិងសម្ភារជាច្រើន។គ្រោះអគ្គិភ័យនេះបានកើតឡើងស្ថិតនៅ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ឃ្លាំងសិប្បកម្មឈ្មោះ សុខ ចន្ទី អាយុ ៣៩ឆ្នាំជាជនជាតិវៀតណាម។ចំណែកឃ្លាំងខាងលើនេះជាប្រភេទសំណង់ដែកទំហំ១៥ម៉ែត្រគុណ២០ម៉ែត្រ។ ការឆាបឆេះនេះបានធ្វើឱ្យខូចខាតសម្ភារក្នុងឃ្លាំងមាន-ម៉ាស៊ីនដេរនិងភុងចំនួន៥គ្រឿង- រថយន្តPAJAROមួយគ្រឿង-ម៉ូតូ Honda AirBlack មួយគ្រឿង-ឆេះរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសីមួយខ្នងអស់ទាំងស្រុង និងផ្ទះថ្មមួយខ្នងខូចខាតផ្នែកខ្លះ។
មន្ត្រីដដែលបានបន្តថា ពេលភ្លើងកំពុងឆេះកម្លាំងជំនាញបានចេញរថយន្តពន្តត់អគ្គិភ័យ ចំនួន១៦គ្រឿងបានបាញ់ទឹកអស់ចំនួន៣០រថយន្ត ទើបភ្លើងរលត់នៅព្រលប់ថ្ងៃដដែល។ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិតទេ។
ចំណែកមូលហេតុនៃការឆាបឆេះបំផ្លាញទ្រព្យសម្បត្តិជាច្រើននេះ សមត្ថកិច្ចកំពុងស្រាវជ្រាវនិងបន្តការសាកសួរពីចំនួនទំហំនៃការខូចខាត៕