ភ្នំពេញ៖រថយន្តម៉ាកសាំយ៉ុងបានបើកបុកម៉ូតូពេលប្រុងបត់ពេញទំហឹង និងអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ ៦០ម៉ែត្រម្តុំច្រកចូលផ្សារក្រមួន ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២១ ខែមិថុនា។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ សឹម សុខឌីន អាយុ២១ឆ្នាំជាសិស្សស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។រីឯម្នាក់ទៀតមិនទាន់ស្គាលឈ្មោះដោយដឹកទៅមន្ទីរពេទ្យ។
សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូម៉ាក Honda Bet ផ្លាស្លាកលេខភ្នំពេញ1IL-4258 ពីជើងទៅត្បូង។មកដល់កន្លែងខាងលើ បានបង្អង់ល្បឿនប្រុងបត់ ស្រាប់តែមានរថយន្តសាំយ៉ុង បើកក្នុងល្បឿនលឿនបានបុកម៉ូតូពេញទំហឹងនិងអូសជាច្រើនម៉ែត្រ។
ពេលនោះបុរសម្នាក់បានខ្ទាតទៅម្ខាងផ្លូវត្រូវរថយន្ត Prius បើកមកកិនចំក្បាលបណ្ដាលឱ្យស្លាប់ភ្លាម។ រីឯម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ក្រោយបង្កគ្រោះថ្នាក់រថយន្តទាំង២គ្រឿង បានបើករត់គេចខ្លួនបាត់អស់។
បន្ទាប់មកសមត្ថកិច្ចបានចុះវាស់វែងនិងយកម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំស្រាវជ្រាវរកចាប់រថយន្តបង្កយកអ្នកបើកបរមកដោះស្រាយតាមនីតិវិធី៕