ភ្នំពេញ៖កម្លាំងនគរបាលបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធក្នុងក្រុងភ្នំពេញបានជាបន្តបន្ទាប់ ចំនួន៣នាក់ហើយត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងកាលពីរសៀលថ្ងៃទី២៩ ខែមករាថា កម្លាំងនគរបាលខណ្ឌកំបូលបាន សហការជាមួយនគរបាលរាជធានីភ្នំពេញ-ខណ្ឌពោធិ៍សែនជ័យ-ខណ្ឌដង្កោនិងនគរបាលស្រុកអង្គស្នួល។កម្លាំងចុះស្រាវជ្រាវចាប់ជនសង្ស័យដែលបាញ់ប្លន់ជនរងគ្រោះជាច្រើនករណីក្នុងខណ្ឌកំបូលនិងរាជធានីភ្នំពេញនាពេលកន្លងមក។
ថ្ងៃទី២៦ ខែមករាផ្នែកជំនាញចាប់បានម្នាក់ឈ្មោះ ពុធ រតនៈ ហៅកាក់ អាយុ ២៦ឆ្នាំ ស្នាក់នៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ថ្ងៃទី២៦ ខែមករាដដែល ចាប់បានម្នាក់ទៀតឈ្មោះ ឡាយ ឋានៈ ហៅ ភ្លោះអាយុ ២៧ឆ្នាំនៅសង្កាត់ចោមចៅ៣។ថ្ងៃទី២៧ ខែមករាចាប់បក្ខពួកទទួលផលចោរកម្មឈ្មោះសោម សុភាអាយុ ២៦ឆ្នាំនៅឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល។
ជនសង្ស័យបានប្រព្រឹត្តហិង្សាដោយប្រើអាវុធខ្លីភ្ជង់និងវាយប្លន់យកម៉ូតូពីជនរងគ្រោះទាំង៣លើកនៅភូមិសាស្ត្រតែមួយផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី១៧-១៩ ខែធ្នូ២០២២និងលើកទី៣ថ្ងៃទី២០ ខែមករាឆ្នាំ២០២៣៕