ព័ត៌មានជាតិ

សល់តែ ៩៩ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៩៩ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងម៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។

SEA Games: ចាប់ផ្តើមពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី៣ ដល់ ៩ មិថុនា ២០២៣។

នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្ពុជាបានប្រារព្ធកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីបំផុតឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ឱ្យខិតខំហ្វឹកហាត់ ឈានដល់ការទទួលបានមេដាយច្រើន ក្នុងការប្រកួតនាពេលខាងមុខ និងលើកទឹកចិត្តឲ្យយុវជន និងប្រជាពលរដ្ឋគាំទ្រ និងស្នេហាវិស័យកីឡា ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» «ប្រជាជនម្នាក់លេងកីឡាមួយមុខ» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និង «កម្ពុជាស្អាត» ។

ពិធីរាប់ថយក្រោយនេះ ក៏ចង់បង្ហាញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ «Cambodia is Ready» ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់ប្រតិភូកីឡា និងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ។

គួរដឹងថា កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្ដែមុនឈានដល់ការប្រកួត គណៈកម្មការ អនុគណៈកម្មការ នៃគណៈកម្មាធិការជាតិ CAMSOC និងភាគីពាក់ព័ន្ធ នឹងត្រូវមានការងារជាច្រើន ត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការត្រៀមរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ ដើម្បីដង្ហែរភ្លើងគប់ជុំវិញបណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *