ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចម្រុះចុះបង្ក្រាបគ្រឿងញៀនជាង៤៤គីឡូក្រាម ជនសង្ស័យ១១នាក់ នៅរាជធានីភ្នំពេញ នឹងខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន១១នាក់ និងរឹបអូសគ្រឿងញៀនជាង៤៤គីឡូក្រាម នៅទីតាំងចំនួន៥ផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។

ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ អ៊ិន សុង, លោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួម ពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ, លោក សំរិទ្ធ សុខុន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖

គោលដៅទី១៖ នៅចំណុចសួនច្បារមាត់ទន្លេមុខវំាង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកសារធាតុញៀនប្រមាណ១គីឡូ។

គោលដៅទី២៖ នៅចំណុចខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារ ធាតុញៀនប្រមាណជាង៣គីឡូ។

គោលដៅទី៣៖ បានបន្តពន្លាតដែនដីទៅខេត្តបន្ទាយមានជ័យ នៅចំណុច មុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងចាប់យកសារធាតុញៀន ២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម។

គោលដៅទីតាំងទី៤៖ នៅចំណុច ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន៣កញ្ចប់ធំ ប្រមាណ៣គីឡូក្រាម។

គោលដៅទី៥៖ នៅចំណុចខ្ទមចំការ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតថ្នាំញៀន២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ១១នាក់៖ ឈ្មោះ សុខ ទឹង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ សុខ គន្ធា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ហេង សគុណ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ តឿន សារុំ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ម៉ុត សុផុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ WEERAPHAT HUN-GRATHANAPONGSORN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ, ឈ្មោះ សេង ឡាទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ សិត វិសាល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ឆេង ឡាយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ SONGWAT BAU-SRI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ និងឈ្មោះ LAM HONG PHUNG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម។

វត្ថុតាងគ្រឿងញៀនចាប់យក៖ កេតាមីន (KETAMIN) ទម្ងន់សុទ្ធ១គីឡូនិង៩៥២ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៤២គីឡូ និង៨៥៨ក្រាម, អ៊ិចស្តាស៊ី (MDMA)ទម្ងន់សុទ្ធ១០៦ក្រាម, សរុប៤៤គីឡូ និង៩១៦ក្រាម និងមធ្យោបាយសម្ភារៈចាប់យករថយន្ត២គ្រឿង, ម៉ូតូ២គ្រឿង, អាវុធខ្លី១ដើម, គ្រាប់បែក១គ្រាប់, ជញ្ជីងថ្លឹង៣គ្រឿង និងទូរស័ព្ទដៃ៧គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕

 

 

 

 

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *