Uncategorized

ជនបរទេសម្នាក់បើកម៉ូតូធ្លាក់ក្រោមស្ពានបណ្ដាលឲ្យស្លាប់

 

​កំ​ពតៈ កាលពី​យប់ ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ បន្ទាប់ពី​អ្នកដំណើរ និង​ប្រជាពលរដ្ឋ ប្រទះឃើញ​សព​ជនបរទេស​ម្នាក់ ស្ថិតនៅ​ក្បែរ​ម៉ូតូ​មួយគ្រឿង ក្នុង​ទឹក​ក្រោម​ស្ពាន​ឆ្លង​ដៃ​ព្រែក តាម​បណ្តោយ​ផ្លូវ ឆ្ពោះទៅ​រមណីយដ្ឋាន​ទឹកឈូ​។ ទីតាំង​កើតហេតុ ស្ថិតក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

​សមត្ថកិច្ច បាន​សន្និដ្ឋានថាៈ ជនរងគ្រោះ បាន​បើក​ម៉ូតូ ជ្រុល​ធ្លាក់​ក្រោម​ស្ពាន ដោយ​មិនមាន​អ្នកណា បានឃើញ ទើប​បណ្តាល​ឱ្យស្លាប់ បែបនេះ​។​សមត្ថកិច្ច បាន​ប្រាប់​ឱ្យដឹងថា បុរស​ដែល​បាត់បង់​ជីវិត ខាងលើ ឈ្មោះ អ៊ី​យេ​ត នី​កូ​ឡាស (HYETT NICHOLAS) អាយុ ៤៨ ឆ្នាំ ជា​ជនជាតិ​អៀរ​ឡង់​ខាងជើង និង​មាន​ប្រពន្ធ ជា​ជនជាតិ​ហ្វីលីពីន ស្នាក់នៅ​ភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ដោយ​ស្រង់​សម្តី អ្នករស់នៅ​ក្បែរ កន្លែងកើតហេតុ ប្រភព​ដដែល បាន​រៀបរាប់ថា នៅវេលា​ម៉ោង​ប្រហែល ៩ និង​៣០​នាទី យុវជន​ពីរ​នាក់ បាន​ចត​ម៉ូតូ​បម្រុង បត់ជើងតូច ក្បែរ​ស្ពាន​នៃ​កន្លែងកើតហេតុ​នោះ​។ មិនទាន់បាន​ចុះ​ពី​ម៉ូតូ​ផង ព្រោះតែ​ប្រទះឃើញ ម៉ូតូ​មួយគ្រឿង ក្នុង​ទឹក​ថែមទាំង​បើកភ្លើង​នៅឡើយ ទាំងពីរ​នាក់ ក៏​ជិះ​ម៉ូតូ​មក​ប្រាប់​អ្នកភូមិ ដែល​កំពុង​អង្គុយ​ជុំគ្នា ចម្ងាយ​ប្រហែល ៥០ ម៉ែត្រ ពី​ស្ពាន​ឱ្យទៅជួយ​មើល​។
ពេល​ប្រជាពលរដ្ឋ ទៅដល់​កន្លែងកើតហេតុ និង​នាំគ្នា​រុករក ទើប​ប្រទះឃើញ បុរស​ម្នាក់ ជា​ជនបរទេស ដេក​ផ្កាប់មុខ​ក្នុង​ទឹក ក្បែរ​ម៉ូតូ ក៏​ប្រញាប់ប្រញាល់ ស្រង់​ឡើង តែ​បុរស​នោះ បាន​ផុតដង្ហើម ទៅហើយ​។ ដូច្នេះ​ពួកគាត់ សម្រេច​ដាក់​សព ឱ្យ​ដេក​ផ្អែក​នឹង​ច្រាំង​ដៃ​ព្រែក រួច​ទំនាក់ទំនង ទៅកាន់​សមត្ថកិច្ច ដើម្បី​ចុះមក​ពិនិត្យ​ជាក់ស្តែង​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ករណីនេះ តាមរយៈ​ការធ្វើ​កោសល្យវិច័យ គឺ​ជនរងគ្រោះ បាន​បើក​ម៉ូតូ ក្នុង​ល្បឿន​លឿន រួច​ជ្រុល​ធ្លាក់​ក្រោម​ស្ពាន ដោយ​មិនមាន​អ្នកណា​ឃើញ ទើប​បណ្តាលឱ្យ​ស្លាប់​តែម្តង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *