ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចផ្អាកដំណើរការផ្សារទំនប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ២២ខែមេសា ដល់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១

 

(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្អាកដំណើរការមូលដ្ឋានផ្សារងិនអាន (ហៅផ្សារទំនប់) បណ្ដោះអាសន្នរយះពេល១៤ថ្ងៃ ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ការសម្រេចរបស់លោក ជា ពិសី ក្នុងការផ្អាកដំណើរការមូលដ្ឋានផ្សារងិនអាន (ហៅផ្សារទំនប់) បណ្ដោះអាសន្នរយះពេល១៤ថ្ងៃ បានអនុវត្តឡើង ក្រោយពីរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារមន្ត្រីសុខាភិបាល បានរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ ចេញចូលផ្សារងិនអាន (ហៅផ្សារទំនប់) ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៌២០កុម្ភៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

លោក ជា ពិសី ក៏សូមអំពាវនាវដល់បង-ប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ដែលចេញចូលនៅក្នុងផ្សារងិនអាន (ហៅផ្សារទំនប់) ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ តាមដានសុខភាពរបស់ខ្លួន ដើម្បីឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល នៃការអនុវត្តវិធានការចត្តាឡីស័ក ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ ស្ថិតនៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *