ព័ត៌មានជាតិ

រកឃើញបំណែកឆ្អឹងសពទាហានម៉ារីនច្រើនទៀតដែលលិចក្នុងបាតទន្លេកាលពីជាង៥០ឆ្នាំមុន

កំពង់ចាម៖កងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិសុខ​បោសសម្អាត​មីន​និង​កាកសំណល់​សង្គ្រាម​(NPMEC)​បាន​រុក​រកឃើញ​បំណែក​ឆ្អឹង​សាកសព​ទាហាន​ម៉ា​រី​ន បានជា​ច្រើន​បន្ថែមទៀត​។​ក្នុងនោះ​មាន​គ្រាប់កាំភ្លើង​ជាច្រើន​ធុន​សរុប​ប្រមាណ​ជាង ៨.០០០ គីឡូក្រាម​នៅក្នុង​នាវាចម្បាំង​ដែល​បាន​លិច​ក្នុង​ទន្លេមេគង្គ​ទឹកដី​ស្រុក​ស្រី​សន្ធរ​នា​សម័យ​សង្គ្រាម​ក​ន្លះ​សតវត្សរ៍​មុន​។​ ​នេះ​ជាការ​ថ្លែងប្រាប់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា មេបញ្ជាការ NPMEC ទៅកាន់​លោក អ៊ុន ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​និង​សហការី​អមដំណើរ​ដែល​បាន​ចុះ​ពិនិត្យ​លទ្ធផល​ការ​ស្រង់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​នៅ​ទីបញ្ជាការ​ស្ថិតក្នុង​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ នៅ​ថ្ងៃទី ៩ ខែកុម្ភ​: ឆ្នាំ​២០២១​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បាន​បន្តថា​៖​មួយរយ​:​នេះ​យើង​បាន​រុក​រកឃើញ​ឆ្អឹង​ធាតុ​ទាហាន​ម៉ា​រី​ន​បន្ថែម​ជាច្រើន​ទៀត​មាន​ឆ្អឹងភ្លៅ​មួយទៀត​បំណែក​ឆ្អឹង​លលា​ដ៏​ក្បាល​ប្រាំមួយ​បន្ទះ​។​ប៉ុន្តែ​យើង​មិនអាច​កំណត់​បានជា​ឆ្អឹង​ធាតុ​ជា​ទាហាន​ប៉ុន្មាន​នាក់​បានទេ​និង​ប្រទះឃើញ​ជា​វត្ថុ​សក្តិ​សិទ្ធ​ការពារ​ខ្លួន​សម្រាប់​ទាហាន​ដូចជា​ចែកាច់ ចង្កូមខ្លា ស្បែកជើង ជាដើម​។​ លោក​មេបញ្ជាការ​បា​នប​ន្ថែ​ម​ថា​បច្ចុប្បន្ន​ប្រតិបត្តិការ​របស់​យើង​ប្រមូលបាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​សរុប ៨.១០០ គីឡូក្រាម ស្មើនឹង​ប្រមាណ ៥៣.៧៧០ គ្រាប់ នៅក្នុង​ឃ្លុប​ទី​១ នៃ​នាវាចម្បាំង​ខ្នាត​ធំ​ប្រវែង ៤០ ម៉ែត្រ ទទឹង​៥,៥០ ម៉ែត្រ និង​ជម្រៅ ៤,៥០ ម៉ែត្រ ដែលមាន​ចំនួន បួន ឃ្លុប​។ ក្នុងនោះ​ឃ្លុប​នីមួយៗ អាច​ផ្ទុក​បាន​គ្រាប់កាំភ្លើង​បាន​ជាង ១០​តោន​។​ ​លោក​បាន​បន្តថា ប្រតិបត្តិ​ការរុករក និង​ប្រមូល​គ្រឿង​យុទ្ធភណ្ឌ​ក្នុង​បាតទន្លេ​មេគង្គ​ប្រវែង ១.៥០០ ម៉ែត្រ​ស្មើនឹង​១៥០​ហិកតា​នេះ​បាន​ចាប់​អនុវត្ត​នៅ​ចុងខែ​តុលា​ឆ្នាំ​២០២០​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែឧសភា​ឆ្នាំ​២០២១​នេះ​ឱ្យទាន់​រដូវវស្សា​ទឹកជំនន់​ទន្លេ​នេះ​។​ប៉ុន្តែ​យើង​ពិបាក​សន្និដ្ឋាន​ដោយ​នាវា​មួយ​នេះ​មាន​ទំហំ​ធំ​មិនអាច​ប៉ាន់ស្មាន​ទម្ងន់​គ្រឿង​យុទ្ធភណ្ឌ​សរុប​ក្នុង​នាវា​បានទេ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *