ព័ត៌មានអន្តជាតិ

វៀតណាមដកដំណែងឧបនាយករដ្ឋមន្ត្រី២រូប ចំពោះមុខយុទ្ធនាការបោសមកមកសំអាតអំពើពុករលួយ

ឧបនាយករដ្ឋមន្រ្តីវៀតណាមទាំង២រូបខាងលើ គឺលោក ផាំ បិញមិញ (Pham Binh Minh) និងលោក វូ ឌុកដាំ (Vu Duc Dam)។ ពុំមានការពន្យល់បកស្រាយអ្វីឡើយ ជុំវិញការសម្រេចចិត្តរបស់សភាវៀតណាមក្នុងការដកតំណែងនេះ ប៉ុន្តែអ្នកទាំងពីរមិនត្រូវបានចាប់ខ្លួន ឬរងការចោទប្រកាន់អ្វីនោះទេ។ យ៉ាងណាក្តី វាកើតឡើងចំពេលដែលវៀតណាមហាក់ កំពុងពង្រឹងកិច្ចប្រឹង​ប្រែងរបស់ខ្លួនសាជាថ្មី ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ប្រសិនបើវាពិតជាទាក់ទងនឹង យុទ្ធនាការបោសសំអាតអំពើពុករលួយមែននោះ លោក មិញ និងលោក ដាំ គឺជាមន្រ្តីជាន់ខ្ពស់ជាងគេបង្អស់ ដែលត្រូវបានដកហូតតំណែង គិតមកទល់ពេលបច្ចុប្បន្ន ដ្បិតកន្លងមក គឺមានការចាប់ខ្លួនរដ្ឋមន្រ្តីសុខាភិបាលក៏ដូចជា​មន្រ្តីជាន់ខ្ពស់និងអ្នកការទូតដទៃទៀត រួចជាស្រេចទៅហើយ។

លោក ផាំ បិញមិញ អាយុ៦៣ឆ្នាំ បានកាន់តួនាទីជារដ្ឋមន្រ្តីការបរទេសវៀតណាម កាលពីចន្លោះឆ្នាំ២០១១-២០២១ ហើយជា​ឧបនាយករដ្ឋមន្រ្តីចាប់ពីឆ្នាំ២០១៣។ ចំណែក លោក វូ ឌុកដាំ អាយុ៥៩ឆ្នាំ ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០១៣ ដូចគ្នា គឺត្រូវគេស្គាល់យ៉ាងទូលំទូលាយ សម្រាប់កិច្ចប្រឹងប្រែងរបស់លោក ក្នុងការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ-១៩ របស់ប្រទេសវៀតណាម។

កាលពីចុងខែធ្នូ ឆ្នាំទៅមិញ គណបក្សកុម្មុយនិស្តវៀតណាម បានបណ្តេញលោក មិញ ពីការិយាល័យនយោបាយដ៏មានឥទ្ធិពល ហើយដកទាំងរូបលោក និងលោក ដាំ ចេញពីគណៈកម្មាធិការមជ្ឈិមរបស់បក្ស។ ក្នុងខែដដែលនោះ បក្សកុម្មុយនិស្តវៀតណាម ក៏បានដាក់ពិន័យលើរដ្ឋមន្រ្តីការបរទេសលោក ប៊ុយ ថាញ់សុន (Bui Thanh Son) ផងដែរ ជុំវិញទំនាក់ទំនងរបស់មន្រ្តីនិងអ្នកការទូត​មួយចំនួននៃក្រសួងការបរទេសវៀតណាម នៅក្នុងរឿងអាស្រូវមួយទាក់ទងនឹង ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម កំលុងការរាតត្បាតនៃកូវីដ១៩។ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសវៀតណាម ក៏បានចាប់ខ្លួនអតីតអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ាឡេស៉ី លោក ត្រាន វៀតថៃ (Tran Viet Thai) ថែមទៀតផង ខណៈពួកគេបានពង្រីកការស៉ើបអង្កេតជុំវិញ រឿងអាស្រូវនោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *