កំពត៖រថយន្តហាយឡែនឌ័របានបុកជាមួយម៉ូតូត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យក្មេងប្រុស២នាក់បានស្លាប់នៅមន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពតកាលពីយប់ថ្ងៃទី១ ខែធ្នូ។មន្ត្រីនគរបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះហ៊ុយ ផាន់ណាអាយុ ១៨ឆ្នាំនិងឈ្មោះ ម៉ា លីគី អាយុ ១៧ឆ្នាំពួកគេនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ចំណែកអ្នករងរបួសឈ្មោះប៉ៃ ពន្លកអាយុ ១៨ឆ្នាំ នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
មុនហេតុការណ៍កើតឡើងមានរថយន្តម៉ាកហាយឡែនឌ័របានបើកបុកជាមួយម៉ូតូពេញទំហឹងបណ្តាលមនុស្ស៣នាក់ដេករដូករណែលលើផ្លូវដោយរងរបួសធ្ងន់។ក្នុងស្ថានភាពបែបនេះអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ហៅរថយន្តដឹកទៅមន្ទីពេទ្យជាបន្ទាន់តែជនរងគ្រោះបានស្លាប់២នាក់និងម្នាក់កំពុងជួយសង្គ្រោះ៕