ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រើនរំលឹកពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត បង្កើតការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកហក់ឡើងខ្លាំង

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅខាងលើទ្វារទឹករលាំងជ្រៃ ជាពិសេសតំបន់ទំនាបនានានៃផ្នែកខាងក្រោម ស្របតាមបណ្តោយដងស្ទឹងព្រែត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលធ្វើឱ្យទឹកផ្នែកខាងលើនៃដងស្ទឹងព្រែកត្នោតហក់ឡើងលឿន។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញសារព័ត៌មានយើង ទទួលបាននៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ស្ថានភាពបែបនេះធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមអាចបង្កឱ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋផងដែរ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងស្ថានភាពនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបានទាន់ពេលវេលា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាដែលរស់នៅតំបន់ខាងលើ និងតំបន់ទំនាបនានាផ្នកខាងក្រោម នៃទ្វាទឹករលាំងជ្រៃស្របតាមបណ្ដោយដងស្ទឹងព្រៃត្នោត ក៏ដូចជាតំបន់ងាយរងគ្រោះមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ដើម្បីចៀងវាងការកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ»

រដ្ឋបាលខេត្តកំពង់ស្ពឺសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងមានការប្រុងប្រយ័ត្ន ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតដែលកំពុងហក់ឡើងជាបន្តបន្ទាប់នេះ។ ក្នុងករណីប្រជាពលរដ្ឋ ដែលទទួលរងនូវជំនន់ទឹកភ្លៀង សូមមេត្តារាយការណ៍ និងផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័សបំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *