ព័ត៌មានសន្តិសុខសង្គម

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងចាប់ផ្ដើមបោសសម្អាតល្បែងស៊ីសងខុសច្បាប់ និងកុងស៊ីប្រចាំខុសច្បាប់ចាប់ពីយប់នេះតទៅ

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត ទៅលើការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះមានការចូលរួមពី លោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ ប្រធានផ្សារផងដែរ ក្នុងគោលបំណងបង្ក្រាបស្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាមួយចាត់វិធានការចំពោះកុងស៊ីបញ្ចាំខុសច្បាប់នានានៅក្នុងមូលដ្ឋានផងដែរ ពោលគឺត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចាប់ពីយប់នេះតទៅ។

លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជារួច ហើយកាលពីព្រឹកមិញ ដោយឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការព្រមានដកតំណែងផងដែរ។ លោកបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយតំណាងអយ្យការ ដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ។

លោកបន្ដថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះជាដើមចមបង្កឲ្យមានបទល្មើស លួចឆក់ប្លន់។ ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវតែធ្វើឡើងឲ្យដូចភ្លៀងរលឹម។ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិ ចាំតែជួយអន្តរាគមន៍នៅពេលដែលយើង អនុវត្តមិនបានចំពោះទីតាំងអាងខ្នងបង្អែក តែបើថ្នាក់ជាតិចុះទៅបង្ក្រាបនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួនឯងមិនបានបង្ក្រាប ឬមិនបានដឹង នោះនឹងប្រឈមទៅនឹងការដកតំណែងហើយ។

សូមរំលឹកថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញម្តងៗ លោកតែងបានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ១៤ បង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែការងារនេះ ក៏នៅតែសេសសល់ ដែលតម្រូវឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ១៤ បន្តបង្ក្រាបឲ្យបានដូចភ្លៀងរលឹម។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងសារសំលេងខ្លាំងៗបញ្ជូនមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋនៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត សូមចាត់វិធានការដាច់ណាត់ និងទាន់ពេលវេលាបំផុត។ ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលរាជធានី-ខេត្ត អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវរបស់ខ្លួន។ ខ្ញុំសូមជម្រាបជូនថា មិនអាចបណ្តោយសភាពការណ៍បង្កឡើងបែបអនាធិបតេយ្យ នៅក្នុងបនល្បែងទៀតទេត្រូវម៉ឺងម៉ាត់ ត្រូវតែដាច់ខាត»

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ល្បែងស៉ីសងទាំងនេះមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឲ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែងត្រូវលក់គោ លក់ក្របី ផ្ទះសម្បែង ដោយសារតែល្បែងនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *