សៀមរាប៖អ្នកបើកបររថយន្ត២នាក់ដែលដឹកជញ្ជូនឈើខុសច្បាប់កាលពីថ្ងៃទី៣១ ខែកក្កដាត្រូវក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងអាវុធហត្ថបានឃាត់ខ្លួនហើយបញ្ជូនទៅតុលាការ។
មន្ត្រីជំនាញបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។បុរសទាំង២នាក់ឈ្មោះ យេង សុភក្ត្រា និងឈ្មោះ ខឿម ខួច។ពួកគេ រស់នៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។មន្ត្រីជំនាញបានឃាត់ខ្លួនអ្នកដឹកជញ្ជូនបទល្មើសឈានដល់ការផ្ទុះអាវុធ២គ្រាប់ផងនោះបន្ទាប់ពីជនល្មើសមានការប្រវាយប្រតបគ្នាជាមួយកងកម្លាំង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានពិនិត្យឃើញមានគ្រឿងញៀនចំនួន ២កញ្ចប់ នៅជាមួយក្រុមអ្នកដឹកឈើ។បច្ចុប្បន្នជនល្មើស និងវត្ថុតាងឈើ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៅថ្ងៃទី២ ខែសីហានេះ៕
