លោកស្រី Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតីបាននិយាយជាមួយលោកស្រី Harris និងអគ្គសេនាធិការលោក Ron Klain នៅម៉ោងប្រហែល ១១ និង ៣៥ នាទីថ្ងៃត្រង់ ហើយបានបន្តភារកិច្ចរបស់គាត់នៅពេលនោះ ។
លោក Biden បានស្ថិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed ជាកន្លែងដែលគាត់នឹងបំពេញការពិនិត្យសុខភាពដែលនៅសល់ មុនពេលត្រឡប់ទៅសេតវិមានវិញ ។
លោកប្រធានាធិបតី Biden បានផ្ទេរអំណាចទៅឲ្យលោកស្រី Harris សម្រាប់រយៈពេល ដែលលោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការប្រើថ្នាំសន្លប់ ដើម្បីឆ្លុះមើលពោះវៀនធំ ហើយនឹងមកដល់នៅមុនថ្ងៃខួបកំណើតគម្រប់ ៧៩ ឆ្នាំរបស់លោក ហើយលោកស្រី Harris នឹងគ្រប់គ្រងជាបណ្តោះអាសន្ន នូវអាវុធនុយក្លេអ៊ែរ និងយោធារបស់សហរដ្ឋអាមេរិកជាដើម ។
គួរបញ្ជាក់ថា លោកស្រី Harris អាយុ ៥៧ ឆ្នាំ គឺជាស្ត្រីទីមួយ និងជាជនជាតិអាមេរិកស្បែកខ្មៅ និងអាស៊ីខាងត្បូងដំបូងគេ ដែលត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ៕
